កែវយឺតហាប់ប៊ល សួនសត្វ និងក្មេងៗដែលច្រៀងសរសើរ
តើកែវយឺតអវកាសហាប់ប៊ល(Hubble)សម្រាប់មើលផ្កាយ សួនសត្វ និងក្មេងៗដែលកំពុងច្រៀង មានលក្ខណៈអ្វីដែលដូចគ្នា? តាមការបង្រៀន ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៤៨ យើងអាចសន្និដ្ឋានថា ពួកគេសុទ្ធតែចង្អុលបង្ហាញ ឲ្យគេមើលទៅស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះ។ គេច្រើនតែចោទជាសំណួរជាញឹកញាប់ អំពីទស្សនៈដែលយល់ថា ព្រះបានបង្កើតពិភពលោកយើង ដូចនេះ ពេលនេះអាចជាពេលដ៏ល្អ ដែលយើងត្រូវចាំថា យើងត្រូវថ្វាយការសរសើរដំកើងដ៏ខ្ពស់ ដល់ព្រះវរបិតានៃយើង សម្រាប់ស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ។ កែវយឺតអវកាសហាប់ប៊ល អាចជួយឲ្យយើងមើលឃើញរូបភាពដ៏ស្អាតអស្ចារ្យនៃចក្រវាឡ ដែលយើងមិនអាចមើលនឹងភ្នែកទទេ។ រូបភាពនីមួយដែលកែវយឺតនោះថតបាន ដោយភាពឆ្លាតវ័យ គឺសុទ្ធតែបង្អុលបង្ហាញហ្វូងតារា ដែលនាំឲ្យយើងផ្តោតអារម្មណ៍ទៅលើអំណាចដ៏អស្ចារ្យ ដែលព្រះមានក្នុងការបង្កើតផ្កាយទាំងនោះមក។ គឺដូចដែលមានចែង នៅក្នុងខ.៣ថា “អស់ទាំងផ្កាយដែលភ្លឺអើយ ចូរសរសើរដល់ទ្រង់”។
ពេលយើងទៅកម្សាន្តក្នុងសួនសត្វ យើងអាចឃើញសត្វជាច្រើនប្រភេទ ដែលព្រះអង្គបានបង្កើត។ យើងអាចមើលទៅខ.៧ និង ខ.១០ ហើយនិយាយអរព្រះគុណព្រះ សម្រាប់ការបង្កើតឲ្យមាន សត្វសមុទ្រ សត្វព្រៃ សត្វល្អិត និងបក្សី។ ហើយការចំណាយពេលមើលក្មេងតូចៗច្រៀងសរសើរដំកើងព្រះ ជានិមិត្តសញ្ញាដែលតំណាងឲ្យសេចក្តីពិតដែលថា មនុស្សទាំងអស់ នៅលើផែនដីនេះ គួរតែលើកសម្លេងឡើង ដើម្បីសរសើរដំកើងព្រះអាទិកររបស់យើង(ខ.១១-១៣)។
ផ្កាយ សត្វ និងក្មេងៗ “ត្រូវសរសើរដល់ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា ដ្បិតមានតែព្រះនាមទ្រង់១ ដែលខ្ពស់ប្រសើរ”(ខ.១៣)។ ចូរយើងរួមគ្នាពោលពាក្យអរព្រះគុណព្រះ សម្រាប់ស្នាព្រះហស្តរបស់ព្រះអង្គ។ “សូមសរសើរដំកើងព្រះអម្ចាស់!”—Dave Branon
ថ្ងៃពិសេស
តើថ្ងៃទី៤ ខែកញ្ញា មានអ្វីពិសេស? បើថ្ងៃនេះជាថ្ងៃខួបកំណើត ឬខួបអាពាហ៍ពិពាហ៍របស់អ្នក នោះថ្ងៃនេះអាចជាថ្ងៃពិសេសហើយ។ សម្រាប់អ្នករស់នៅសហរដ្ឋអាមេរិក ថ្ងៃនេះប្រហែលជាថ្ងៃបុណ្យជាតិ ដែលគេចង់រំឭក អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ឧទាហរណ៍ ក្នុងឆ្នាំ១៧៨១ ទីក្រុងឡូស អែនជិឡេស នៅរដ្ឋកាលីហ្វូញ៉ា ត្រូវបានបង្កើតឡើង ក្នុងថ្ងៃនេះឯង។ ពុំនោះទេ នៅថ្ងៃនេះ ក្នុងឆ្នាំ ១៩៩៣ មានព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ពេលដែលលោក ជីម អេបបត់ (Jim Abbott) ជាអ្នកគប់បាល់បេសប៊លឲ្យក្រុម ញូយ៉ក យែងឃីស៍ បានគប់បាល់ជាច្រើនគ្រាប់ ដោយមិនឲ្យគូប្រកួតវាលត្រូវបាល់សូម្បីតែមួយគ្រាប់ ហើយគាត់ជាជនពិការ ដែលកំបុតដៃស្តាំតាំងពីកំណើត។ ហើយសម្រាប់អ្នកដែលចូលចិត្តមើលទូរទស្សន៍ នៅអាមេរិកវិញ ក្នុងឆ្នាំ ១៩៥១ មានការផ្សាយទូរទស្សន៍បន្តផ្ទាល់លើកដំបូង ជាប្រវត្តិសាស្រ្ត ចេញពីទីក្រុង សាន់ហ្វ្រាន់ ស៊ីស្កូ។
ប៉ុន្តែ បើព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងអស់នេះ ដែលបានកើតឡើងនៅថ្ងៃទី៤កញ្ញា មិនមានអ្វីពិសេសសម្រាប់អ្នកទេ នោះសូមសាកល្បងពិចារណាអំពីសេចក្តីដែលមានដូចតទៅ :
នៅថ្ងៃនេះ ព្រះប្រទានឲ្យអ្នកមានឱកាសថ្មីមួយទៀត ដើម្បីសរសើរដំកើងព្រះអង្គ។ បទគម្ពីរទំនុកដំកើង ១១៨:២៤ បានចែងថា “ថ្ងៃនេះជាថ្ងៃដែលព្រះយេហូវ៉ាបានកំណត់ទុក នៅថ្ងៃនេះ យើងរាល់គ្នានឹងរីករាយសប្បាយឡើង។”
នៅថ្ងៃនេះ…
ពិតឥតក្លែងក្លាយ
នៅសហរដ្ឋអាមេរិក ជួនកាល ចៅៗអាចទទួលផលចំណេញកប់ក្តោង ពីការបោសសម្អាតបន្ទប់តូចរបស់ជីតាខ្លួន។ រឿងនេះបានកើតឡើងចំពោះបុរសម្នាក់ ក្នុងរដ្ឋអូហៃយ៉ូ នៅពេលដែលគាត់បានបោសសម្អាតបន្ទប់តូចរបស់ជីតាគាត់ ហើយរកឃើញកាតកីឡាវាយកូនបាល់បេសប៊លដ៏ចំណាស់មួយឈុត ដែលមានអាយុ១០០ឆ្នាំ។ អ្នកវាយតម្លៃបានប្រាប់គាត់ថា កាតមួយឈុតនោះមានតម្លៃប្រហែល៣លានដុល្លា។ បានជាកាតទាំងនោះមានតម្លៃខ្ពស់យ៉ាងនេះ គឺដោយសារកាតទាំងនោះត្រូវបានគេរក្សាទុកបានល្អ ហើយជាងនេះទៅទៀត កាតទាំងនោះជាកាតពិត។ បើកាត់ទាំងនោះ ជាកាតក្លែងក្លាយ ឬចម្លង នោះពួកវាមានតម្លៃមិនស្មើនឹងក្រដាសរឹងមួយសន្លឹកផង ទោះបីជាកាតទាំងនោះស្អាតយ៉ាងណាក៏ដោយ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីបង្រៀនរបស់សាវ័កប៉ុល អំពីតម្លៃដ៏ពិតនៃជំនឿរបស់គ្រីស្ទបរិស័ទ។ គាត់បានមានប្រសាសន៍ថា ជំនឿរបស់យើងនឹងមិនមានតម្លៃអ្វីសោះឡើយ បើសិនជាព្រះគ្រីស្ទពិតជាមិនបានមានព្រះជន្មឡើងវិញទេនោះ។ សាវ័កប៉ុលមានចិត្តក្លាហាន និងបានទុកចិត្តលើផែនការរបស់ព្រះ បានជាគាត់អាចមានប្រសាសន៍ថា “បើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ”(១កូរិនថូស ១៥:១៤) ហើយ “បើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ”(ខ.១៧)។
សេចក្តីជំនឿរបស់គ្រីស្ទបរិស័ទ គឺផ្អែកទៅលើការពិតដែលបានបញ្ជាក់ថា ព្រះយេស៊ូវបាន សុគត នៅលើឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ។ ចូរយើងសរសើរដំកើងព្រះ ដែលបានប្រទាននូវភស្តុតាង ដែលបញ្ជាក់ថា ព្រះយេស៊ូវពិតជាបានសុគត និងរស់ឡើងវិញមែន(ខ.៣-៨)។ នេះជាសេចក្តីពិត ដែលឥតមានការក្លែងបន្លំឡើយ បានជាយើងអាចផ្ញើរជោគវាសនាដ៏អស់កល្បរបស់យើង ហើយអាចពឹងផ្អែកលើព្រះទាំងស្រុង ដោយផ្អែកទៅលើសេចក្តីពិតនេះ។—Dave Branon
ព្រះទ្រង់ចាំជួយ
បន្ទាប់ពីកញ្ញាហ្គាប៊ី ដូកឡាស(Gabbu Douglas) ដែលជាកីឡាករកាយសម្ព័ន្ធអូឡាំពិក ឈ្នះបានមេដាយមាសពីរ ក្នុងការប្រកួតនៅទីក្រុងឡុង ឆ្នាំ២០១២ នាងបានប្រកាសថា “ព្រះមិនដែលខាងនឹងជួយអ្នកឡើយ។ ព្រះអង្គតែងតែជួយអ្នកជានិច្ច”។ ជួនកាល ការថ្លែងពាក្យពេចន៍ដូចនេះ អាចធ្វើឲ្យគេមានការយល់ច្រឡំ។ ពាក្យសម្តីនេះ អាចធ្វើឲ្យគេយល់ថា បើសិនជាខ្ញុំប្រកួតជាមួយអ្នក ក្នុងកីឡាណាមួយ ហើយខ្ញុំមានជំនួយមកពីព្រះ នោះខ្ញុំមិនអាចបរាជ័យបានឡើយ។ ប៉ុន្តែ បើយើងងាកមកបទគម្ពីរ ទំនុកដំកើង ១១៨:៥-៦ នោះយើងនឹងបានយល់ច្បាស់ថា ពាក្យសម្តីរបស់កញ្ញាហ្គាប៊ី មានន័យដូចម្តេច។ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានមានប្រសាសន៍ថា “ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្តីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ាទ្រង់ក៏ទទួលស្តាប់ ហើយបានដាក់ខ្ញុំទុកនៅទីធំទូលាយ ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំៗនឹងមិនខ្លាចអ្វីឡើយ”។ យើងអាចនិយាយបានម្យ៉ាងទៀតថា “ព្រះអង្គគង់នៅជាមួយយើង”(ខ.៦)។ បានសេចក្តីថា ពេលដែលបញ្ហាចូលមកក្នុងជីវិតយើង ព្រះដែលពេញដោយសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ (ដែល “ស្ថិតស្ថេរជារៀងដរាប”ខ.៤) នឹងតែងតែយកព្រះទ័យទុកដាក់ចំពោះយើងជានិច្ច ហើយប្រទាននូវការការពារ ដែលយើងត្រូវការ។
យើងអាចរៀនសូត្រ ពីកីឡាករជើងឯកអូឡាំពិករូបនេះ។ ពេលដែលសេដ្ឋកិច្ចមានការធ្លាក់ចុះ ហើយយើងមានការខ្វះខាត នោះយើងអាចនឹកចាំពាក្យលើកទឹកចិត្តរបស់កញ្ញាហ្កាប៊ី ដែលថា “ព្រះមិនដែលខាននឹងជួយអ្នកឡើយ”។ ពេលដែលទំនាក់ទំនងដែលយើងខំថែរក្សា ដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ បានបែកបាក់ នោះក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងត្រូវដឹងថា យើងត្រូវស្វែងរកជំនួយនៅទីណា ទោះបីជាយើងមានស្ថានភាពបែបណាក៏ដោយ។ “ព្រះអម្ចាស់កាន់ខាងខ្ញុំ”។—Dave Branon
“ខ្ញុំ…សុំ..ទោស”
ឲ្យតែមានបុគ្គលដែលមានឈ្មោះល្បីណាម្នាក់ បានធ្វើអ្វីមួយខុស ហើយបន្ទាប់មក ក៏បានសារភាពជាសាធារណៈ ជាធម្មតា សារពត៌មានប្រញាប់ចុះផ្សាយអំពីរឿងនោះជាលម្អឹត ឲ្យសាធារណៈជនបានដឹង។ អ្នកដែលល្បីឈ្មោះនោះ អាចជាកីឡាករ ដែលគេប៉ូលីសបានចាប់ខ្លួន ដោយសារបើកបរដោយមានជាតិស្រវឹង។ ឬអាចជាអ្នកនយោបាយណាម្នាក់ ដែលបានធ្វើអ្វីមួយលួចលាក់ ត្រូវគេទាន់។ ពេលដែលយើងឮអ្នកទាំងនោះនិយាយទាក់ៗថា “ខ្ញុំ …សូម…ទោស” នោះយើងប្រហែលជាឆ្ងល់ថា ពួកគេពិតជាចង់កែខ្លួនមែន ឬគ្រាន់តែនិយាយសូមទោស ដើម្បីដោះខ្លួនឲ្យរួចតែមួយពេលនោះ។ ត្រង់ចំណុចនេះ មានតែព្រះទេដែលជ្រាបអំពីចិត្តរបស់មនុស្សម្នាក់ៗ។
ពេលដែលយើងអានបទគម្ពីរ ដែលចែងអំពីការសារភាពរបស់ស្តេចដាវីឌ ដែលជាស្តេចដ៏ល្បីល្បាញ យើងឃើញថា ការប្រែចិត្តដ៏ពិតមានលក្ខណៈដូចម្តេចខ្លះ។ ក្នុងការមានបន្ទូលបើកចំហរ អំពីអំពើបាបរបស់ទ្រង់ ក្នុងបទគម្ពីរទំនុកដំកើង ៥១ ក្សត្រដ៏អាម៉ាស់អង្គនេះ បានទូលសូមសេចក្តីមេត្តាពីព្រះ បន្ទាប់ពីបានបិទបាំងអំពើបាបរបស់ខ្លួន អស់មួយរយៈពេលមក(២សាំយ៉ូអែល ១២:១-១៣ ទំនុកដំកើង ៣២:៣-៥)។ ទ្រង់បានទទួលស្គាល់ថា ទ្រង់ត្រូវការការលាងសម្អាតរបស់ព្រះ(ខ.៧-១០) ហើយទ្រង់ក៏បានអបអរសាទរការស្អាងឡើងវិញ តាមរយៈការបម្រើ និងការថ្វាយបង្គំ(ខ.១១-១៧)។
យើងរាល់គ្នាបានធ្វើបាប ខ្វះមិនដល់សិរីល្អរបស់ព្រះ។ ពេលដែលយើងមានអារម្មណ៍ថា មានបន្ទុកនៃអំពើបាបដ៏ធ្ងន់ កំពុងសង្កត់មកលើយើង នោះយើងចាំបាច់ត្រូវលន់តួបាប ដើម្បីសូមការអត់ទោសពីព្រះ ហើយព្រះអង្គនឹងលើកយើងឡើង(១យ៉ូហាន ១:៩)។ ព្រះដ៏ធំប្រសើរនៃយើង បានធ្វើឲ្យអំពើបាបរបស់យើង ប្រែក្លាយជាឱកាសលូតលាស់ ក្នុងព្រះគុណ អំណាច និងសេចក្តីស្រឡាញ់របស់ព្រះអង្គ!—Dave Branon
ការចាក់ឫស
មានកន្លែងដ៏តូចមួយ ក្នុងទីធ្លាមុខផ្ទះរបស់ខ្ញុំ ដែលហាក់ដូចជាមិនអាចមានភាពស្រស់ស្អាតសោះ។ ស្មៅហាក់ដូចជានៅតែដុះរ៉ុយៗ ក្នុងចំណុចមួយនោះ ទោះបីជាខ្ញុំបានព្យាយាមស្រោចទឹកវា យ៉ាងណាក៏ដោយ។ ដូចនេះ ថ្ងៃមួយ ខ្ញុំក៏បានយកប៉ែលមកចូកមើលកន្លែងដែលមានបញ្ហានោះ ហើយក៏រកឃើញមូលហេតុ ដែលធ្វើឲ្យស្មៅដុះមិនបានល្អ។ នៅពីក្រោមស្មៅនោះ មានថ្មមួយស្រទាប់ ដែលមានកម្រាស់ជិតមួយទឹក។ ខ្ញុំក៏បានគាស់ថ្មនោះចេញ ហើយយកដីដ៏មានជីរជាតិ មកចាក់បំពេញ ដើម្បីឲ្យគ្រាប់ពូជថ្មីអាចចាក់ឫសដុះបានល្អ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះយេស៊ូវមានបន្ទូលអំពីគ្រាប់ពូជ និងដី។ ក្នុងរឿងប្រៀបប្រដូច ក្នុងបទគម្ពីរម៉ាថាយ ជំពូក១៣ ព្រះអង្គបានមានបន្ទូល អំពីគ្រាប់ពូជនៃដំណឹងល្អ ដែលត្រូវបានសាបព្រោះ នៅលើដីប្រភេទខុសៗគ្នា។ ព្រះអង្គមានបន្ទូលថា គ្រាប់ពូជដែល ធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ប៉ុន្តែ កាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស(ខ.៥-៦)។ ត្រង់ចំណុចនេះ ព្រះអង្គកំពុង មានបន្ទូល អំពីអ្នកដែលបានឮដំណឹងល្អ ហើយទទួលជឿ តែព្រះបន្ទូលព្រះមិនបានចាក់ឫសចូលក្នុងជីវិតរបស់ពួកគេឡើយ។ បានជាពេលដែលគាត់ ជួបបញ្ហា គាត់ក៏រវាតចិត្តចេញ ដោយសារគាត់មិនមែនជាអ្នកជឿពិតប្រាកដ។
ព្រះយេស៊ូវក៏បានមានបន្ទូលសន្និដ្ឋានថា “អ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០”(ខ.២៣)។ យើងគួរអរព្រះគុណព្រះអង្គ សម្រាប់ព្រះបន្ទូលត្រង់ចំណុចនេះ ដែលបានរំឭកយើង…
ត្រង់ហ្នឹងហើយ ដែលនិយាយអំពីព្រះយេស៊ូវ
ម៉ៃឃល ប្រោន(Michael Brown) ជាក្មេងប្រុសជនជាតិយូដាម្នាក់ ដែលបានចម្រើនវ័យធំឡើង ក្នុងក្រុងញូយ៉ក។ កាលនោះ គាត់មិនមានចំណាប់អារម្មណ៍នឹងការខាងវិញ្ញាណទេ។ គាត់បានក្លាយជាអ្នកវាយស្គរ ក្នុងក្រុមតន្រ្តីមួយ ហើយក៏ក្លាយជាអ្នកញៀនថ្មាំ។ បន្ទាប់មក មានមិត្តភ័ក្ររបស់គាត់ខ្លះ បានអញ្ជើញគាត់ឲ្យទៅព្រះវិហារ ដែលនៅទីនោះ ពួកជំនុំបានបង្ហាញចេញនូវក្តីស្រឡាញ់ និងអធិស្ឋានឲ្យគាត់ ដែលធ្វើឲ្យគាត់មិនអាចបដិសេធបានឡើយ។ បន្ទាប់ពីលោកម៉ៃឃលមានការតយុទ្ធខាងវិញ្ញាណ អស់មួយរយៈពេលខ្លីមក គាត់ក៏បានទទួលជឿព្រះយេស៊ូវ ជាព្រះសង្គ្រោះ។ នេះជាការផ្លាស់ប្រែដ៏ប្រសើរ នៅក្នុងជីវិតរបស់ក្មេងជំទង់សាសន៍យូដាម្នាក់នេះ ដែលធ្លាប់តែជាមនុស្សមានៈ។ ថ្ងៃមួយ គាត់បានប្រាប់ឪពុករបស់គាត់ថា គាត់បានឮ អំពីបទគម្ពីរសញ្ញាចាស់ ដែលបានចែងអំពីព្រះយេស៊ូវ។ ឪពុកគាត់មិនជឿគាត់ទេ បានជាសួរគាត់ថា “បទគម្ពីរមួយណា?” លោកមៃឃលក៏បានយកព្រះគម្ពីរគាត់មក បើកចំព្រះគម្ពីរអេសាយ ជំពូក៥៣។ ពួកគេក៏បានអានបទគម្ពីរនោះជាមួយគ្នា ហើយពេលអានដល់ចំណុចដែលនិយាយអំពីព្រះយេស៊ូវ លោកម៉ៃឃលក៏លាន់មាត់ថា “ត្រង់ហ្នឹងហើយ ដែលនិយាយអំពីព្រះអង្គ គឺនិយាយអំពីព្រះយេស៊ូវ”។
ជាការពិតណាស់ បទគម្ពីរនោះ ពិតជាបាននិយាយសំដៅ ទៅរកព្រះយេស៊ូវមែន។ តាមរយៈជំនួយរបស់គ្រីស្ទបរិស័ទ និងការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ លោកប្រោន ដែលជាឪពុករបស់លោកម៉ៃឃល បានទទួលស្គាល់ព្រះមែស៊ីដែលបានចែង ក្នុងបទគម្ពីរអេសាយ ជំពូក៥៣ ហើយសព្វថ្ងៃនេះ គាត់ជាអ្នកឯកទេសខាងព្រះគម្ពីរ។ គាត់បានពិសោធនឹងសេចក្តីសង្រ្គោះ ដែលធ្វើឲ្យជីវិតផ្លាស់ប្រែ និងអត់ទោសបាប ហើយប្រទានជីវិតអស់កល្បជានិច្ច…
ការអស្ចារ្យដែលហោះហើរ
ក្នុងចំណោមស្នាព្រះហស្តទាំងឡាយរបស់ព្រះ សត្វមេអំបៅ ស្ថិតក្នុងចំណោមសត្វដ៏ស្រស់ស្អាតបំផុត ដែលព្រះអង្គបានបង្កើត! សត្វមេអំបៅហោះហើរយ៉ាងស្រទន់ ដោយទទះស្លាបដែលមានពណ៌ចម្រុះ ហើយពេលដែលយើងស្វែងយល់ពីរបៀបនៃការបន្លាស់ទីលំនៅ របស់ពួកវា យើងប្រហែលជាយល់ថា ពួកវាជាស្នាព្រះហស្តឯក នៃពិភពធម្មជាតិ។ សត្វល្អិតដែលចេះហើរនេះ មិនគ្រាន់តែបាននាំមកនូវការមើលកម្សាន្តប៉ុណ្ណោះទេ តែទន្ទឹមនឹងនោះ ក៏បានផ្តល់ឲ្យយើងនូវគំរូនៃភាពអស្ចារ្យ នៃស្នាព្រះហស្តដ៏ប៉ិនប្រសប់របស់ព្រះ។ ឧទាហរណ៍ សត្វមេអំបៅស្តេចដ៏អស្ចារ្យ អាចធ្វើដំណើរ៤៨០០គីឡូម៉ែត្រ ក្នុងការផ្លាស់ទីលំនៅ ពីសហរដ្ឋអាមេរិក ទៅតំបន់អាមេរិកកណ្តាល ដែលនៅទីបំផុត ពួកវាក៏បានទៅដល់ដើមឈើ ដែលឪពុកម្តាយ ឬជីដូនជីតាវាធ្លាប់ទំនៅ កាលពីជំនាន់មុនៗ។ ការផ្លាស់ទីលំនៅនេះ ត្រូវបានទទួលការបញ្ជា ដោយខួរក្បាលរបស់ពួកវា ដែលមានទំហំប៉ុនក្បាលប៊ិច។ ម្យ៉ាងទៀត យើងអាចពិចារណា អំពីការប្រែរូបកាយ របស់សត្វមេអំបៅស្តេចពីសត្វដង្កូវ។ ពេលដែលសត្វដង្កូវធ្វើសូត្រព័ទ្ធជុំវិញខ្លួនវា វាបញ្ចេញជាតិគីមីម្យ៉ាង ដែលធ្វើឲ្យផ្នែកខាងក្នុងខ្លួនវាប្រែក្លាយជាមានសភាពទន់ ដោយគ្មានរូបរាង្គអ្វីមួយច្បាស់លាស់។ ប៉ុន្តែ វាក៏ដុះចេញជាខួរក្បាល គ្រឿងក្នុង ក្បាល ជើង និងស្លាបសត្វមេអំបៅ។
មានអ្នកឯកទេសខាងសត្វមេអំបៅម្នាក់ បានមានប្រសាសន៍ថា “ការលូតលាស់នៃរូបកាយរបស់សត្វដង្កូវ ក្លាយជាសត្វមេអំបៅ ដែលមានខ្លួន និងស្លាប គឺពិតជាស្ថិតក្នុងចំណោមភាពអស្ចារ្យ នៃជីវិតនៅលើផែនដីនេះ”។ មានអ្នកឯកទេសម្នាក់ទៀត យល់ថា ការប្រែរូបកាយរបស់សត្វមេអំបៅ “ត្រូវបានគេចាត់ទុកជាការអស្ចារ្យ”។ និយាយរួម “អស់ទាំងស្នាដៃរបស់ទ្រង់មាន…
បញ្ហាប្រព័ន្ធទឹក
មានពេលមួយ ពួកជំនុំរបស់ខ្ញុំមានចិត្តរំភើបរីករាយយ៉ាងខ្លាំង នៅពេលបានឃើញថា មានការសាងសង់ នៅក្នុងព្រះវិហារថ្មីរបស់យើង។ ជារៀងរាល់ថ្ងៃអាទិត្យ យើងមានចិត្តអន្ទះសារ ចង់ឃើញទឹកបាញ់ចេញពីក្នុងអាងទឹកដ៏ធំ ក្នុងសួនច្បារព្រះវិហាររបស់យើង។ ប៉ុន្តែ ដំណើរការនៃការសាងសង់ ហាក់ដូចជាមានភាពយឺតយ៉ាវ។ បញ្ហាគឺដោយសារការរៀបចំប្រព័ន្ធទឹកក្រោមដីមិនបានល្អ។ ទឹកមិនបានបាញ់ចេញខ្លាំងពេក តាមរន្ធខ្លះ ធ្វើឲ្យរន្ធផ្សេងទៀតខ្វះទឹក។ ការសាងសង់មិនអាចដំណើរការបានឡើយ ដរាបណាអ្នកត្រួតពិនិត្យ មិនឃើញទឹកបាញ់ចេញបានល្អទេនោះ។ ទន្ទឹមនឹងនោះ មន្ត្រីសាលាក្រុង បានប្រាប់យើងថា ទឹកដែលផ្គត់ផ្គង់អគារព្រះវិហាររបស់យើង មិនមានកម្លាំងល្មមនឹងអាចឲ្យយើងសាងសង់ទឹកបាញ់ ក្នុងសួនច្បារនោះបានឡើយ ដូចនេះ គេត្រូវតប្រព័ន្ធទឹកមួយខ្សែទៀត ដើម្បីឲ្យមានកម្លាំងទឹកកាន់តែខ្លាំង។ យើងមិនចង់ឲ្យគម្រោងសាងសង់នេះមានភាពយឺតយ៉ាវ ដោយសារបទបញ្ជានេះឡើយ ប៉ុន្តែ យើងក៏ដឹងផងដែរថា បើយើងមិនធ្វើតាមការរៀបចំនេះទេ នោះយើងនឹងជួបប្រទះបញ្ហាធ្ងន់ធ្ងរ ក្នុងពេលអនាគតជាមិនខានឡើយ។
ជួនកាលយើងមានការរអ៊ូរទាំ ចំពោះរដ្ឋាភិបាល និងមន្ត្រីរាជការដទៃទៀត។ ប៉ុន្តែ ការគោរពរដ្ឋអំណាចឲ្យបានត្រឹមត្រូវ គឺជាការថ្វាយព្រះកិត្តនាមដល់ព្រះ។ សាវ័កប៉ុលក៏មានបញ្ហាជាមួយរដ្ឋអំណាចផងដែរ បានជាគាត់មានប្រសាសន៍ថា “ចូរឲ្យគ្រប់ទាំងមនុស្សចុះចូលនឹងរាជការ”(រ៉ូម ១៣:១)។ គាត់បានមានប្រសាសន៍ទៀតថា “ចូរប្រព្រឹត្តល្អចុះ នោះលោក(ពួករដ្ឋអំណាច)នឹងពោលសរសើរដល់អ្នកហើយ”(ខ.៣)។
កាលណាព្រះវិញ្ញាណទ្រង់បង្រៀនយើង នោះយើងអាចមានអាកប្បកិរិយ៉ាល្អ ចំពោះរដ្ឋាភិបាល។ ការនេះគឺដើម្បីជាប្រយោជន៍យើង និងជាបន្ទាល់នៃសេចក្តីជំនឿ ហើយដែលសំខាន់បំផុតនោះ គឺយើងបានថ្វាយព្រះកិត្តិនាមដល់ព្រះ។–Dave Branon
ការស្តាប់បង្គាប់ គឺជា ការថ្វាយបង្គំព្រះ
ពេលដែលខ្ញុំកំពុងធ្វើដំណើរ ជាមួយក្រុមចម្រៀង មកពីសាលាវិទ្យាល័យគ្រីស្ទបរិស័ទ ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ដែលបានឃើញសិស្សសាលាទាំងនោះ សរសើរដំកើងព្រះ នៅក្នុងការដឹកនាំកម្មវិធីថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារ ដែលយើងបានមកធ្វើទស្សនៈកិច្ច។ តែមានការមួយ ដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៀត ដែលបានកើតឡើងនៅកន្លែង ដែលនៅមិនឆ្ងាយពីព្រះវិហារនោះ។ ថ្ងៃមួយ សិស្សសាលាមួយក្រុមនេះ បានដឹងថា ស្រ្តីម្នាក់មិនមានលុយចាក់សាំងឡានទេ ហើយព្រះក៏បានប៉ះពាល់ចិត្តពួកគេ ឲ្យរ៉ៃប្រាក់ដង្វាយ សម្រាប់ជួយនាង។ ពួកគេក៏ប្រមូលបានប្រាក់ ដែលល្មមនឹងឲ្យនាងចាក់សាំងឡាននាង បានដល់ពីរបីលើក។
ការថ្វាយបង្គំ និងសរសើរដំកើងព្រះ ក្នុងព្រះវិហារ គឺជារឿងដ៏សំខាន់ ទន្ទឹមនឹងនោះ ការចេញទៅពិភពពិតខាងក្រៅ ហើយថ្វាយបង្គំទ្រង់ តាមរយៈការស្តាប់បង្គាប់ជាប្រចាំថ្ងៃ ក៏ជារឿងសំខាន់ណាស់ដែរ។ គំរូដ៏ល្អរបស់សិស្សសាលាទាំងនោះ បានបណ្តាលចិត្តយើង ឲ្យគិតពិចារណាអំពីជីវិតរបស់យើង។ តើយើងថ្វាយបង្គំព្រះតែនៅក្នុងព្រះវិហារទេឬ? ពុំនោះទេ តើយើងបន្តថ្វាយបង្គំទ្រង់ នៅខាងក្រៅព្រះវិហារទៀត ដោយការស្តាប់បង្គាប់ទ្រង់ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង ដោយស្វែងរកឱកាសបម្រើទ្រង់ឬទេ?
ក្នុងបទគម្ពីរ ១សាំយ៉ូអែល១៥ យើងឃើញថា ព្រះអម្ចាស់បានឲ្យស្តេចសូលធ្វើកិច្ចការមួយ ប៉ុន្តែ ទ្រង់បានធ្វើខុស(ខ.២០-២១) ដោយប្រើការថ្វាយបង្គំ(ការថ្វាយយញ្ញបូជា) ជាលេស សម្រាប់បន្តធ្វើខុស ដោយមិនស្តាប់បង្គាប់ព្រះទៅវិញ។ ព្រះទ្រង់ក៏បានឆ្លើយតបថា “ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា”(ខ.២២)។
ការចូលរួមការថ្វាយបង្គំព្រះ នៅព្រះវិហារ គឺជាការប្រសើរណាស់ ប៉ុន្តែ សូមយើងអធិស្ឋានសូមឲ្យព្រះបង្ហាញយើង…